ខេត្តពោធិ៍សាត់ ជាខេត្តមួយ ដែលមាន រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ធម្មជាតិ ច្រើនរាប់មិនអស់ ហើយក៏មានរមណីយដ្ឋាន ជាច្រើនទៀតនៅមិនទាន់ត្រូវបានគេសិក្សា ឬ រកឃើញ  នៅឡើយ ។ ប៉ុន្តែរមណីយដ្ឋានទាំងនោះ មានសម្រស់ មិនចាញ់ រមណីយដ្ឋាន ដែលមានសព្វថ្ងៃនេះប៉ុន្មានឡើយ ។

ភ្នំនាគសជារមណីដ្ឋានទេសចរណ៍ថ្មីមួយ ដែលទើបតែរកឃើញ និង បានបង្ហាញឱ្យ ភ្ញៀវទេសចរបានឃើញ បានស្គាល់នាចុងឆ្នាំ ២០១៩នេះប៉ុណ្ណោះ ដោយ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា នៅពេលដែលលោកបានចុះទៅពង្រឹងមូលដ្ឋាននោះ នាប៉ុន្មានឆ្នាំកន្លងមកនេះ ។

រមណីដ្ឋានទេសចរណ៍ថ្មីនេះ ត្រូវបានលោក អេង គន្ធា ដាក់ឈ្មោះថា រមណីដ្ឋានទេសចរណ៍ ភ្នំនាគស ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយ តែ ៥ គីឡូម៉ែត្រ ខាងលិចផ្លូវជាតិលេខ៥  ។

នៅរមណីដ្ឋានទេសចរណ៍ ភ្នំនាគស មានទេសភាពដ៏ស្រស់ត្រកាល ដែលមានស្នាមបាតជើងរបស់ព្រះ នៅលើកំពូលភ្នំ និង រំលេចទៅដោយ ធម្មជាតិ ដ៏ស្រស់ស្អាត និង មានផ្ទាំងថ្ម បន្តុបតម្រៀបលើគ្នា ចេញជារូបសត្វផ្សេងៗជាច្រើន ដូចជាដំរី សត្វក្រពើ  ព្រមទាំងមានល្អាងភ្នំយ៉ាងស្អាត គួរជាទីទាក់ទាញទៀតផង ។

ក្នុងដំណើរនាំគណៈប្រតិភូ ខេត្តពោធិ៍សាត់  និង ភ្ញៀវទេសចរ ទៅទស្សនាដំបូងនៅ រមណីដ្ឋានទេសចរណ៍ ភ្នំនាគស លោក អេង គន្ធា ចង់ឱ្យប្រជាពលរដ្ឋ ដែលមានដីនៅជុំវិញភ្នំនេះ នាំគ្នា ចិញ្ចឹមសត្វ ដាំដំណាំ ឈើហូបផ្លែ បន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ឱ្យភ្ញៀវទេសចរ ដែលមកលំហែរកាយនៅទីនេះចៀសវាងការនាំចូលមកពីខាងក្រៅ ៕