ក្រៅពីទៅទស្សនា ​នៅតាមប្រាសាទបុរាណនានាដ៏សម្បូរបែបនៅក្នុងប្រទេសនោះ  មានភ្ញៀវទេសចរមួយចំនួន ក៏មានការចាប់អារម្មណ៍ និង បង្វែរការទៅទស្សនា នៅតាមដែនកោះវិញម្តងដើម្បីផ្លាស់ប្តូរបរិយាកាស ជាមួយការទស្សនាទេសភាពបែបធម្មជាតិវិញម្តង ។ ព្រោះនៅទីនោះ ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែក ត្រជាក់ចិត្តជាមិនខានឡើយ ។

នៅពេលនេះ ប្រជាប្រិយ សូមធ្វើការណែនាំ លោក អ្នក ជាមួយការទៅទស្សនាកោះស្តេច នៅក្នុងទឹកដីខេត្តកោះកុង ដែលជាដែនកោះមួយ ដ៏ស្រស់ស្អាត ដែលភ្ញៀវទេសចរទាំងឡាយ មិនត្រូវមើលរំលងឡើយ ។​​​​ តាមពិតកោះស្តេចគឺជារម្មណីយដ្ឋានដែនកោះដ៏ល្អអស្ចារ្យមួយ ដែលកម្ររកកន្លែងណាមកប្រៀបប្រដូចពុំបានឡើយ ។ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះហើយ នឹងមានអារម្មណ៍ថា ប្លែក និង សប្បាយរីករាយឥតឧបមា ដោយនៅទីនោះមានទេសសភាពយ៉ាងស្រស់ស្អាត និង ឆ្នេរខ្សាច់ ថ្មប៉ះប្រះទឹក យ៉ាងស្រស់ស្អាតគួរឱ្យចង់គយគន់ ។

តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅ ប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចមានសម្រស់ទេសភាពឆ្នេរខ្សាច់សស្អាត និង ជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាក្តីប្រាថ្នាសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។

កោះស្តេច មានទីតាំងស្ថិតនៅក្នុង ឃុំកោះស្តេច ​ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទស្សនាកម្សាន្តនៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ខេត្តកោះកុងទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬ ក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។

កោះស្តេចមានសម្រស់ស្រស់ស្អាត គ្រប់ដណ្តប់ដោយផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា បច្ចុប្បន្នកោះស្តេចនៅមិនទាន់មានក្រុមហ៊ុនឯកជនណា ធ្វើការវិនិយោគ និង សហការជាមួយខាងមន្ទីរទេសចរណ៍ខេត្តដើម្បីធ្វើការអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ ដូចនៅកោះមួយចំនួននោះឡើយ  ៕