វប្បធម៌​ចែករំលែក​គឺជា​គំនូរ​ដល់​ល្អប្រពៃ​មួយ​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ ​ព្រោះ​ចិត្តមេត្តា​ចំពោះ​អ្នក​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ ​ទីទ័លក្រ​លំបាក​ជាង​យើង​ ​ជាពិសេស​ការ​ធ្វើបុណ្យ​ដាក់ទាន​ទៅលើ​ជន​ពិការ​ ​ចាស់ជរា​ ​ឬ​ក្មេង​ៗ​កំព្រា​ ​មិន​ត្រឹមតែ​ទទួល​បានការ​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ប៉ុណ្ណោះទេ​ ​តែ​ក៏​ជ្រះថ្លា​ក្នុងចិត្ត​ ​និង​ ​មាន​ក្ដី​សុខ​ណាស់​ដែរ​ ​។​



​ជាក់ស្ដែង​តារា​សម្ដែង​រូប​ស្រស់​ ​ស៊ីន​ ​យូ​ប៊ី​ន​ ​កំពុង​ធ្វើ​ឱ្យ​មហាជន​កោតសរសើរ​ចំពោះ​ទង្វើ​សប្បុរសធម៌​ ​និង​ ​ទឹកចិត្ត​ចែករំលែក​របស់​នាង​យ៉ាង​ខ្លាំង​ ​ខណៈ​តារា​ស្រី​រូប​នេះ​ ​បាន​ចែករំលែក​ក្ដី​ស្រឡាញ់​តាមរយៈ​ការ​ផ្ដល់​នូវ​សម្ភារ​សិក្សា​មួយចំនួន​មាន​ដូចជា​កាតាប​ ​សម្លៀកបំពាក់​សិស្ស​ ​សៀវភៅ​ ​ផ្សេង​ៗ​ ​ដល់​ក្មេង​ៗ​ដែល​កំពុង​ជួបប្រទះ​នឹង​ភាព​ក្រលំបាក​ត្រូវការ​ជំនួយ​ជាបន្ទាន់​ ​។​



​ថ្វី​ដ្បិតតែ​ទឹកចិត្ត​ចែករំលែក​របស់​តារា​សម្ដែង​ ​ស៊ីន​ ​យូ​ប៊ី​ន​ ​ធ្វើឡើង​ទៅតាម​លទ្ធភាព​មិន​ដុំ​ធ​ធំ​ណាស់ណា​ពេក​ ​ប៉ុន្ដែ​ធ្វើ​ឱ្យ​ក្មេង​ៗ​ជាច្រើន​ដែល​ទទួល​បាន​អំណោយ​ពី​នាង​ ​បង្ហាញ​ស្នាមញញឹម​ពោរពេញ​ដោយ​សេចក្ដីសុខ​ពេញ​លើ​ផ្ទៃមុខ​ ​ព្រម​ជាមួយ​ពាក្យ​អរគុណ​នាង​អស់ពី​បេះដូង​ ​៕​