ឥឡូវនេះ ជណ្តើរឈើនៅរមណីយដ្ឋានក្បាលស្ពាន ដែលសាងសង់ឡើងកាលពីឆ្នាំ២០០៧នោះ បានទទួលរងនូវការពុកផុយ ចាស់ទ្រុឌទ្រោម ដោយសារអាយុកាល កម្តៅ និង ទឹកភ្លៀង ហើយនៅពេលនេះត្រូវបានសាងសង់ថ្មីឡើងវិញហើយ នៅតាមទីតាំងចាស់ដដែល ។

ជណ្តើរឈើនៅរមណីយដ្ឋានក្បាលស្ពាននេះ សាងសង់ថ្មីដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះទៅទស្សនារមណីយដ្ឋានមួយនេះ ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ដំណើរការសាងសង់ស្ពានឈើថ្មីនៅរមណីយដ្ឋានក្បាលស្ពាននេះ ចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា គ្រោងនឹងបញ្ចប់ត្រឹមរយៈពេល១ខែ ។ ជណ្តើរឈើថ្មីធ្វើនៅទីតាំងចាស់ដដែល មាន៣ចំណុច គឺនៅរោងជម្រកទី១ រោងជម្រកទី២ និង ចំណុចទឹកធ្លាក់។ ចំពោះឈើដែលប្រើមានចំនួន៩ម៉ែត្រគូប ជាប្រភេទឈើផ្ចឹក និង រាំង ដែលអាចធន់បានពី១០ទៅ១៥ឆ្នាំ។

ទាក់ទងនឹងដំណើរការជួសជុលនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំត្រួសត្រាយធ្វើផ្លូវវាងសម្រាប់ភ្ញៀវមកទស្សនាដើរបណ្តោះអាសន្ន  ពិសេសសូមការយោគយល់ពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈក្រុមការងារកំពុងបំពេញភារកិច្ចរយៈពេលខ្លីឱ្យបានល្អប្រសើរ ៕

( ប្រភព៖អាជ្ញាធរជាតិអប្សរា )