(ស្រុកបន្ទាយឆ្មា)៖ តើក្រីក្រនាំអោយអវិជ្ជា? រឺដោយសារអវិជ្ជាទើបបណ្តាលអោយមានភាពក្រីក្រ? ថ្ងៃនេះ សំនួរដែលខ្ញុំតែងតែសួរខ្លួនឯង បានបង្ហាញចេញនៅក្នុងស្ថានភាពមួយដែលស្ទើរតែមិនគួរអោយជឿ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថា គ្រួសារដែលមានសមាជិកដល់ទៅ៩នាក់នេះ បានទទួលការអប់រំសរុបមិនបានដល់៣ឆ្នាំផង។ ប្តីរៀនបានត្រឹមថ្នាក់ទី៣ ប្រពន្ធមិនដែលបានចូលរៀន ហើយកូនទាំង៧នាក់ក្នុងបន្ទុក មិនមានមួយណាធ្លាប់បានទៅសាលារៀននោះទេ។ ប្តីដើរធ្វើការងារចល័តមិនរើសមុខ ធ្វើយ៉ាងណាអោយតែបានរស់ យកប្រាក់មកចិញ្ចឹមកូនទាំង៧។ ប្រពន្ធត្រូវនៅផ្ទះមើលកូនតូចៗមិនទាន់ដឹងក្តី ហើយកូនធំៗត្រូវចេញដើរសុីឈ្នួលគេដើម្បីជួយសម្រាលបន្ទុកគ្រួសារ ចំណែកឯកូនតូចអាយុ៥និង៧ឆ្នាំ ត្រូវដើរជាមួយឳពុកជួយការងារលាយថ្នាំពុលបាញ់សម្លាប់សត្វល្អិតនៅតាមចំការ។ គ្រួសារទាំងមូលមិនមានទ្រព្យសម្បត្តិអ្វីទាំងអស់ សូម្បីតែផ្ទះក៏ត្រូវសុំគេស្នាក់

នៅដែរ។ តើគួរដោះស្រាយតាមរបៀបណា? ពិតមែនតែថ្ងៃនេះខ្ញុំបាននាំយកអំណោយកាកបាទក្រហមកម្ពុជាមកជួយសម្រាលបានមួយគ្រា តែនេះមិនអាចដោះស្រាយបញ្ហាយូរអង្វែងនោះទេ ហើយអំណោយតែម្យ៉ាងក៏នឹងមិនអាចកែប្រែព្រេងវាសនា រំដោះពួកគាត់ចេញពីអន្ទាក់នៃភាពក្រីក្របាននោះឡើយ។ អវិជ្ជាបានក្លាយទៅជាឧបសគ្គដ៏ធំនៅក្នុងជីវិតរបស់ប្តីប្រពន្ធមួយគូនេះ ហើយអវិជ្ជាបាននាំអោយពួកគាត់សម្រេចចិត្តរឹតតែខុសនៅក្នុងជីវិត បង្កើនសមាជិកនៅក្នុងបន្ទុកនៅក្នុងពេលដែលមិនគួរធ្វើ ហើយចងទុកកូនៗរបស់ពួកគាត់នៅក្នុងអន្ទាក់នៃភាពអវិជ្ជា ធ្វើអោយជោគវាសនារបស់ក្មេងៗទាំងនោះស្ថិតនៅក្នុងភាពស្រពិចស្រពិលទាំងមិនទាន់ដឹងក្តីទាល់តែសោះ។ ខ្ញុំមិនបន្ទោសពួកគាត់ទាំងពីរទេ។ ភាពក្រីក្ររួមផ្សំនិងភាពអវិជ្ជា មិនអនុញ្ញាតអោយគាត់

ទាំងពីរអាចមានសមត្ថភាពគិតដោយខ្លួនឯងបានទេ។ ពួកគាត់មិនដែលធ្លាប់ទទួលបានអត្ថប្រយោជន៍ពីការអប់រំ ដូចនេះពួកគាត់ក៏គ្មានថ្ងៃយល់ពីគុណតម្លៃនៃការអប់រំដែរ។ តែនេះគឺជាមេរៀនជីវិតមួយដែលយើងទាំងអស់គ្នាត្រូវយកមករឹះគិតពិចារណា សិក្សាស្វែងយល់ រករឹសគល់នៃបញ្ហា និងរៀនពីវា។ ខ្ញុំជឿថា ការអប់រំ (រឺកង្វះខាតនៃការអប់រំ) គឺជាដើមចមនៃបញ្ហាភាគច្រើននៅក្នុងសង្គម ហើយភាពក្រីក្រហួសហេតុបែបនេះ មិនអាចដោះស្រាយចេញដោយគ្មានវត្តមាននៃការអប់រំបានឡើយ។ ពួកគាត់មិនអាចសម្រេចចិត្តណាមួយដែលត្រឹមត្រូវបានឡើយ ព្រោះសមត្ថភាពភាពនៃការគិតរបស់ពួកគាត់ត្រូវបានរាំងស្ទះដោយភាពអវិជ្ជាបាត់ទៅហើយពិតមែនតែរាល់ភាពអវិជ្ជាមិនមែនសុទ្ធតែនាំទៅដល់ភាពក្រីក្រ តែបើក្រីក្រខ្លាំងបែបនេះដាច់ខាតប្រាកដជា

នាំទៅដល់ភាពអវិជ្ជាសម្រាប់ជំនាន់ក្រោយរបស់ពួកគាត់ ហើយនេះគឺជាអ្វីដែលយើងត្រូវតែជួយដោះស្រាយពួកគាត់។ ខ្ញុំនឹងបង្ខំអោយកូន២នាក់ដែលគ្រប់វ័យចូលរៀន ទៅចុះឈ្មោះចូលរៀនក្នុងឆ្នាំនេះ ទោះបីជាមិនមានការយល់ព្រមពីឳពុកម្តាយរបស់ពួកគាត់ក៏ដោយ។ លេសរឺហេតុផលណាក៏ខ្ញុំមិនអាចទទួលយកបានឡើយ ហើយមិនថាមានឧបសគ្គរឺការលំបាកបែបណាទេ ខ្ញុំនឹងខំខ្នះខ្នែងប្រឹងរកជំនួយឧបត្ថម្ភគាំទ្រដល់កូនរបស់ពួកគាត់ អោយមានឱកាសបានចូលរៀននឹងគេ។ ការទទួលបានការអប់រំយ៉ាងហោចណាស់ត្រឹមកម្រិតមូលដ្ឋានគឺជាកាតព្វកិច្ចរបស់ឳពុកម្តាយគ្រប់ៗរូប ទោះបីពួកគាត់យល់រឺមិនយល់អំពីបញ្ហានេះក៏ដោយ ហើយនេះគឺជាអ្វីដែលក្នុងតួនាទីរបស់ខ្ញុំជាអាណាព្យាបាលនៅក្នុងស្រុក នឹងបន្តជម្រុញអោយរឹតតែប្រសើរឡើងនៅក្នុងវិស័យអប់រំស្រុកបន្ទាយស្រី៕ ប្រភព៖ ហ្វេសប៊ុក