ភ្នំពេញ ៖ លោកហ៊ុន ជា ក្មួយប្រុសបង្កើតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះមន្ត្រីយោធាមួយក្រុមតូច ដែលបានកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ចូលក្នុងខេត្តស្វាយរៀង ដែលជាហេតុនាំឱ្យជ្រូកឈឺនិងងាប់មានអត្រាខ្ពស់ដល់១០០ភាគរយ ហើយជំងឺនេះបានផ្ទុះឡើងនៅភូមិឫស្សីជូខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជាមួយនេះ លោកហ៊ុន ជា ក៏បានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះជន ប្រព្រឹត្តល្មើសនេះនិងធ្វើការផាកពិន័យឱ្យធ្ងន់។

លោកហ៊ុន ជា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ថា “អ្នកធ្វើ Vs អាបំផ្លាញ  អនិច្ចា !!! សត្វជ្រូកខេត្តស្វាយរៀង ខ្ញុំបាទនិងប្រជាពលរដ្ឋទូទៅនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង សូមថ្កោលទោសយ៉ាងខ្លាំងចំពោះមន្ត្រីយោធាមួយក្រុមតូច ដែលបានកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ចូលក្នុងខេត្តស្វាយរៀង ដែលជាហេតុនាំឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់ដល់១០០ភាគរយ ហើយជំងឺនេះបានផ្ទុះឡើងនៅភូមិឫស្សីជូខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើយោងតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះជាការផ្អាកបណ្តោះអាសន្ន!!!! តើការផ្អាកការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូករបស់បងប្អូនអាជីវករនៅតំបន់នោះ រងការខាតបង់ប៉ុន្មាន ????? ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសដែរថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក នេះ បង្កការខាតបង់ធ្ងន់ដល់អ្នកចិញ្ចឹមជ្រូក។

ខ្ញុំក៏ដូចបងប្អូនប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចដែលពាក់ព័ន្ធចំពោះបញ្ហានេះ មេត្តាចាត់វិធានការដល់ជនប្រព្រឹត្តល្មើសនេះ មកផ្តន្ទាទោសទៅតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្ម និងធ្វើការផាកពិន័យឱ្យធ្ងន់ ព្រោះថាបងប្អូនប្រជាពលរដ្ឋ រងការខាតបង់ច្រើនណាស់។

នេះងាប់ជ្រូក ចុះបើបង្កជំងឺកាចសាហាវវិញ តើអ្នកណាទទួលខុសត្រូវ?….។

បើបងប្អូនសមត្ថកិច្ចមិនចាត់វិធានការក្តៅចំពោះជនល្មើសទាំងនោះទេ វានឹងក្លាយជាការឈឺចាប់បំផុត សម្រាប់បងប្អូនអាជីវករ ព្រោះការខាតបង់របស់ពួកគាត់ គឺដោយសារតែផលចំណេញរបស់ជនល្មើស!!! កុំធ្វើបាបរដ្ឋាភិបាលពេកទាន, ពីខ្ញុំ ហ៊ុន ជា ដើម្បីខ្មែរ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក មួយកន្លែង ស្ថិតនៅភូមិឫស្សីជូខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រសួងបានតម្រូវឱ្យតំបន់នោះផ្អាកជាបណ្តោះអាសន្ន នូវការចិញ្ចឹម ទិញ លក់ ដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលដែលមានដើមកំណើត ពីសត្វជ្រូកគ្រប់ប្រភេទ។

ប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ ២៩៤ ប្រក.កសក ដែល ចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី វេង សាខុន ស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នោះ បានសម្រេចដូចខាងក្រោម ៖

ប្រការ១…

ត្រូវបានកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ចំនួន១កន្លែង ស្ថិតនៅភូមិប្ញស្សីជួ-ខាងត្បូង ឃុំក្រោលគោ

ប្រការ២…

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមានចែងក្នុងប្រការ១ខាងលើ និងអនុលោមតាមមាត្រា១៤ នៃច្បាប់ស្តីពីសុខភាពសត្វ និផលិតកម្មសត្វដូចខាងក្រោម ៖

-បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល

-ផ្អាកលើការទិញ ការលក់ និងការដឹក ជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន

-សិក្សាស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វ ជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង ១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។

ប្រការ៣..

ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ នៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដូចមានចែងនៅក្នុងប្រការ១ខាងលើ ត្រូវផ្អាកជាបណ្តោះអាសន្ន។ ការអនុញ្ញាតឱ្យ ចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកឡើងវិញ និងការរំលាយតំបន់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវកំណត់ដោយប្រកាសជាថ្មី។

ប្រការ៤…

ជំងឺបេស្តជ្រូកអាហ្វ្រិក មិនឆ្លង និងប៉ះពាល់ ដល់មនុស្សទេ ប៉ុន្តែជំងឺនេះ បណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កការខាតបង់ធ្ងន់ដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ ហាមផ្សព្វផ្សាយព័ត៌មានផ្ទុយនឹងខ្លឹមសារនៃប្រការនេះ។

ប្រការ៥…

ជនណាប្រព្រឹត្តបទល្មើសនឹងប្រការ៣ខាងលើនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីសុខភាព សត្វ និងផលិតកម្មសត្វ។

ប្រការ៦…

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧…

អគ្គលេខាធិការ អគ្គាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធាននាយកដ្ឋានផែនការ និងស្ថិតិប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕